ទំនាក់ទំនងខ្មែរជាមួយចក្រភពហ្គ្រិចកូ-រ៉ូម៉ាំងតាមរយៈរបកគំហើញខាងផ្នែកបុរាណវិទ្យា
ទោះបីជាយើងពុំមានឯកសារណាមួយ មកបញ្ជាក់អំពីវត្តមានរបស់ជនជាតិរ៉ូម៉ាំងនិងក្រិចបុរាណ នៅក្នុងចក្រភពនគរភ្នំក៏មែនពិត ក៏ប៉ុនែស្លាកស្នាមវប្បធម៌ដ៏សន្ធឹកសន្ធាប់ បង្ហាញបញ្ជាក់ថា សម្ព័ន្ធភាពនេះត្រូវបានធ្វើឡើង នៅរវាងស.វទី២ មុនគ្រិស្តសករាជ ហើយត្រូវបានបន្តរហូតដល់ ដើមស.វទី១ ឬទី៣ នៃគ្រិស្តសករាជ ។
ចំណាស់នៃពាណិជ្ជកម្មអន្តរជាតិនេះ អាចបញ្ជាក់តាមរយៈគ្រឿងអលង្ការ ធ្វើអំពីមាស ប្រាក់និងកែវ រួមទាំងកាក់ អង្កាំ ត្បូង ថ្ម និងរបស់ប្រើប្រាស់មួយចំនួនទៀតដូចជា ចង្កៀង ស្លាបព្រា ដែលមានលក្ខណៈជាសិល្បៈរ៉ូម៉ាំង ឬក្រិច-រ៉ូម៉ាំង យ៉ាងជាក់ច្បាស់ ។
យោងទៅតាមសិលាចារិកនៃកាក់ ឬក៏រូបចម្លាក់តំណាងឲ្យស្តេចរ៉ូម៉ាំង នៅលើកាក់នៅក្នុងស្ថានីយមួយចំនួនដូចនៅអូរកែវ, អង្គរបុរី, អ៊ូថង (ខេត្តសុផាន់បុរី) និងពងទឹក នៅក្នុងខេត្តកញ្ជនៈបុរី ប្រទេសសៀមសព្វថ្ងៃ អតីតទឹកដីខ្មែរ យើងដឹងថា បុរាណវត្ថុទាំងនោះ ត្រូវបានផលិតឡើង នៅរវាង ស.វទី២ មុនគ្រិស្តសករាជ និងស.វទី២-៣ នៃគ.ស មកម្ល៉េះ ។ នេះជាទិន្នន័យមួយយ៉ាងសំខាន់ ដែលគេត្រូវកត់ត្រា ។
គួរបញ្ជាក់ឡើងវិញដែរថា ទម្រង់កាក់មានលក្ខណៈស្រដៀងនឹងសិល្បៈក្រិច នៅក្នុងទីក្រុងបាកទ្រីយ៉ាង (Bactriane) អនុញ្ញាតឲ្យយើងសន្និដ្ឋានបែបនេះ ។ ចំពោះអង្កាំរ៉ូម៉ាំងវិញ ដែលត្រូវបានចែកចាយ ពាសពេញចក្រភពនគរភ្នំ ឬហ្វូណន តាមរយៈផ្លូវមនោគមន៍ខ្វាត់ខ្វែងនាសម័យបុរាណនោះ ក៏ស្ថិតនៅក្នុងកាលបរិច្ឆេទនេះដែរ ឬក្រោយនេះបន្តិច រហូតដល់ ស.វទី៦-៧ ។
និយាយជារួម យើងអាចចាត់ទុកថា ទំនាក់ទំនងផ្នែកពាណិជ្ជកម្មនេះ អាចមានការចាប់ផ្តើមនៅក្នុងសតវត្សរ៍ទី២ មុនគ្រិស្តសករាជ ហើយត្រូវបានបន្តវេនរហូតដល់សម័យក្រោយៗមកទៀត ថ្វីត្បិតតែកំណត់ហេតុចិន មិនបានពិពណ៌នាក៏ដោយ ។
ការរីកចម្រើនផ្នែកសេដ្ឋកិច្ច តម្រូវឲ្យប្រជាជនយើង ជាពិសេសពួកអភិជន ឬអ្នកមានទ្រព្យសម្បត្តិច្រើន នៅក្នុងទីក្រុងធំៗ នៃចក្រភពភ្នំ ដែលជាមជ្ឈមណ្ឌលវប្បធម៌ចម្រុះ ជ្រើសរើសរបរប្រើប្រាស់ គ្រឿងតុបតែងមានតម្លៃលម្អ មកពីប្រទេសក្រៅ ។
នេះក៏ជាការណ៍ធ្វើឲ្យខឿនវប្បធម៌នាសម័យបុរេអង្គរ នៃនគរភ្នំមានភាពសម្បូរបែប និងរុងរឿងដូចមានភស្តុតាង ដែលយើងបានលើកឡើងជាឧទាហរណ៍យ៉ាងប្រត្យក្ស ដូចជាអង្កាំ, កែវ, ចិញ្ចៀនធ្វើអំពីមាស, ប្រាក់ សំរឹទ្ធ ត្បូង បន្តោងខ្សែក ។ល។
រួមសេចក្តីមក ខុសពីទស្សនៈរបស់អ្នកនិពន្ធខ្លះដែលថា គ្រាបឋមនៃសម័យវប្បធម៌បុរេអង្គរ ឬសម័យនគរភ្នំដែលជារដ្ឋខ្មែរដំបូងបង្អស់នោះ គឺជារដ្ឋមួយដែលត្រូវបានគេស្គាល់តិចតួចណាស់ ។ របកគំហើញខាងបុរាណវិទ្យា សឲ្យឃើញថា រដ្ឋនេះ ដែលត្រូវបានបង្កើតឡើងនាដើម ស.វទី១ នៃគ.ស ធ្លាប់មានទំនាក់ទំនង ជាលក្ខណៈអន្តរជាតិ ។ រដ្ឋនេះកើតឡើងតាមរយៈឥណ្ឌូរូបនីយកម្មក៏មែនពិត ក៏ប៉ុន្តែទន្ទឹមនឹងនេះ ធ្លាប់មានទំនាក់ទំនងសេដ្ឋកិច្ច នយោបាយនិងវប្បធម៌ជាមួយប្រទេសដទៃៗឯទៀត រួមមាន ប្រទេសចិន និងចក្រភពរ៉ូម៉ាំងចាប់តាំងពីដើម ស.វទី១ និងទី២ នៃគ.ស មកម្ល៉េះ ។ គឺក្នុងបរិបទនេះហើយ ដែលបុរាណវត្ថុបែបក្រិចកូ-រ៉ូម៉ាំងមួយចំនួន ត្រូវបានជួបប្រទះក្នុងអតីតបង្គោលសីមានៃរដ្ឋខ្មែរដំបូងខាងលើនេះ រួមមានប្រទេសថៃនិងមួយភាគនៃជ្រោយមលយូ វៀតណាមខាងត្បូង និងកម្ពុជាបច្ចុប្បន្ន ៕ - See more at: http://www.cen.com.kh/culture/detail_culturehistory/MWNlMWIwNzRlNGZ#sthash.z518C8xR.dpuf
Post a Comment